សូម​សំណាងល្អកើតមានដល់អ្នកគ្រប់គ្នានាឱកាសបុណ្យនូអែលនេះ Happy Marry Chrismas

Sunday, February 10, 2013

ស្រីទេពអប្សរ

ឱទេពទេវី ស្រស់ថ្លើមថ្លៃ
ល្អលើសអស់ស្រីក្នុងលោកា
ដំណើររាងឫក គួរស្នេហា
សម្ផស្សចរិយា សមគ្មានឆ្គង។


រាងរៅសមសួន ដូចកិន្នរ
សាច់ម៉ត់ស្អាតស ល្អឥតហ្មង
សំដីសំដៅ សមកន្លង
អោយប្រុសគេងផ្សង លង់គ្រប់ប្រាណ។

ឆោមទេពអប្សរ ល្អដូចពេជ្រ
ពនឺ្លព្រិចៗ ពីសួគ៌ឋាន
មនុស្សលោកគ្រប់គ្នា ប៉ងចង់បាន
ចង់នែបនិត្យប្រាណ រួមស្នេហ៍ស្និទ្ធ។

សំរស់វង់ភ័ក្រ្ត ល្អផូរផង់
កែវភ្នែកថ្លាយង់ ដូចមរកត
កេសារពណ៌មាស ដូចថ្ងៃរៀបអស្តង្គត
ទាយាទទេវបុត្រ ប្រៀបពុំស្មើ។

ទេពកល្យាណី ស្រីគ្រប់លក្ខណ៍
ល្អសព្វគ្មានទាក់ ទាស់ត្រង់ណា
ទោះជាកវី ពួតដៃគ្នា
តែងកាព្យសរសើរ ក៏មិនអស់។

នាមក៏ពិរោះ សមពេកក្រៃ
រៀមខំរាល់ថ្ងៃ ទន្ទេញឈ្មោះ
ខ្លាចបង់ខ្លាចបាត់ ភាពពិរោះ
សមនឹងសម្ផស្ស ស្រស់មាសស្នេហ៍។

ប្រុសរាប់សែននាក់ ដែលលួចមើលម៉ុម
គឺមានរូបខ្ញុំ ក្នុងនោះម្នាក់ដែរ
លូចនឹក កើតទុក្ខក្នុងចិត្តគ្មានល្ហែ
សែនព្រួយរឹតទ្េវ មិនដឹងប្រាប់អ្នកណា។

ឱធម្មជាតិអើយ ជួយគិតខ្ញុំផង
ខ្ញុំស្នេហ៍នួនល្អង ជាប់ក្នុងចិន្តា
គេងគិតស្រមៃ ក្នុងន័យស្នេហា
ខំលួចបា្រថ្នា ទាំងអស់សង្ឃឹម។

ដូចលួចស្នេហ៍ច័ន្ទ លើមេឃា
រះឆ្ងាយពសុធា ហួសរំពឹង
ដូចមេឃនិងដី សមុទ្រ និងសឹ្ទង
ដូចឆោមព្រលឹង និងរូបខ្ញុំ។

ដឹងដែរ តែចិត្តនៅតែលង់
បេតីលំអង ផ្កាក្រពុំ
ណាមួយ សង្ឃឹមអ្វីតែខ្ញុំ
ខ្វះអីអ្នកសុំចង់ស្គាល់ដែរ។

រឹតគិត រឹតខ្វល់ ទ្រូងចង្អៀត
នឹកហើយ នឹកទៀតគ្មានពេលល្ហែ
នឹកជាប់ជានិច្ច ភ័ក្រ្តមាសស្នេហ៍
គន់យូររឹតតែ ស្រស់ពព្រឹម។

បើទេពអប្សរល្អម្លឹងៗ
រៀមខំសំលឹង ស្នាមញញឹម
រីកដូចកេសរ ព្រឹកព្រលឹម
តើឆោមមានដឹងខ្លួនខ្លះទេ?

ថានាងស្រស់ណាស់ លើសគំនូរ
យកទាវមកប្តូរ ក៏មិនស្មើរដែរ
ឃើញជិតរឹតល្អ បវររឹតទ្វេ
តើខ្ញុំរឺគេ បានរួមស្នេហ័ស្និទ្ធ។

កែវភ្នែកអភ័ព្វ បានត្រឹមលួចមើល
ត្រឹមលួចសរសើរ តែនៅក្នុងចិត្ត
មិនហ៊ានហាស្តី ថ្លែងបា្រប់ការពិត
ខ្លាចបែរអន់ចិត្ត ទេរឺយ៉ាងណា។

បើលើកទ្វីបទាំងមូល ទួលទៅបាន
ខ្ញុំមិនរាប្រាណ រាចិន្តា
លើកភ្លាម ប្រគល់ជូនជីវ៉ា
បង្ហាញស្នេហា ស្មោះលើថ្លៃ។
តើធ្វើម្តេចទៅ អោយពៅយល់ចិត្ត
ថាប្រុសស្ម័គ្រពិត លើកែវចរណៃ
ពេលនេះរៀមរស់តែសំបកកាយ
ឯដួងហឫទ័យ ក្ស័យព្រោះកន្និថា។
រៀមខំស្រម៉ៃ ទាំងឥតសង្ឃឹម
រៀមខំញញឹម ទាំងភាពសង្កា
មិនដឹងជាតិនេះ ទៅជាយ៉ាងណា
តើព្រេងវាសនា បានជួបរឺទេ?
កែវ សុខុមសទ្ធា
០៩២ ៩៦ ៧០ ៩៨

0 comments:

Template by - Abdul Munir | Daya Earth Blogger Template