ចង្រិត និងមេអំបៅ
បទកាកគតិ
មើលមេអំបៅ
ស្លាបលឿងឆ្នូតខ្មៅ
ដុំក្រហមស្លា
ហិចហើរលើសួន
រាំរែកដាក់ផ្កា
សម្តែងរូបា
អួតបង្ហាញគេ។
កាលណោះមានសត្វ
ចង្រិតនៅជិត
មាត់រន្ធ ឃើញមេ
អំបៅរូបល្អ
ក៏កើតចិត្តគ្នេរ
ងាកបែរប្រែរេ
តូចចិត្តខ្លួនឯង។
ថាឯងចង្រិត
រូបខ្មៅកក្រិត
អាក្រក់ក្រៃលែង
នៅរន្ធក្នុងដី
ជាផ្ទះសម្បែង
កម្មអីព្រេងឯង
កើតជាសត្វអន់។
មើលមេអំបៅ
ស្លាបលឿងឆ្នូតខ្មៅ
គួរអោយគយគន់
និត្យនៅអាកាស
សង្ហារពេកពន់
ស្មើនឹងហង្សយន្ត
ក្នុងរឿងបុរាណ។
ក្សិណនោះមានក្មេង
មួយក្រុមរត់លេង
ប្របសួនកំសាន្ត
ក្រឡេកឃើញមេ
អំបៅកល្យាណ
កើតចិត្តចង់បាន
ក៏លើកគ្នាចាប់។
សត្វឆើតដឹងខ្លួន
ខំគេចវេះពួន
ឆ្លេឆ្លាប្រញាប់
ហើរស្លន់ទៅមក
ប៉ះដៃក្មេងវ៉ាប់
ក្មេងលាដៃក្តាប់
ស្លាប់បង់កាយា។
ថ្លែងពីចង្រិត
ឃើញហេតុ ប្រែចិត្ត
បាត់ចង់សង្ហា
វារចូលក្នុងរន្ធ
ហើយគន់គិតថា
លាក់ពួនអាត្មា
បានរស់សប្បាយ៕
មិនបានស្គាល់ឈ្មោះអ្នកនិពន្ធ
0 comments:
Post a Comment