ភ្នំឆ្អឹងស្ទឹងឈាមដោយព្រានចង្កូមប្រាំ
បទពាក្យប្រាំបី
សាវតារកន្លងឆ្លងសាមសិបឆ្នាំ
រាស្ដ្រខ្មែរនៅចាំហាក់ស្រស់ថ្មីៗ
នូវអតីតកាលយង់ឃ្នងព្រៃផ្សៃ
នៃបនប្រល័យពូជសាសន៍ជាតិឯង។
ពពកងងឹតគ្របជិតដែនខ្មែរ
បីឆ្នាំប្រាំបីខែ ខ្មែររស់ក្នុងផ្សែង
គ្មានទេក្នុងលោករឿងហួសនឹងថ្លែង
សម្លាប់សាសន៍ឯងរែងវាល់រង្គាល។
បដិវត្ដន៍អស្ចារ្យមហាលោតផ្លោះ
លោតស្ទើរចង់ហោះនៃបនក្បត់ពាល
ឆ្អឹងសឹងគរភ្នំ ឈាមសឹងលិចវាល
រស់ដូចននៀលក្នុងនរកអវិចី។
ស្គាល់ហើយឆ្អែតហើយបដិវត្ដន៍អស់លោក
បដិវត្ដន៍ស្មោកគ្រោកថោកអន្យតិរ្ថិយ
ដឹងតែប្រហារចាក់កាប់ប្រល័យ
រាស្ដ្រខ្មែរប្រុសស្រីដូចត្រីក្នុងខ្ទះ។
តមាត់ដាច់ក បបរលាយទឹកភ្នែក
ទ្រាំឃ្លានកុំស្រែក ខ្លាចដែកព្រលះ
ងើបក្បាលដាច់ក្បាល ឃើញភ្លាមច្បាស់ៗ
នេះបានចំជាក់បដិវត្ដន៍ក្រហមឆ្អៅ។
បដិវត្ដន៍វង្វេងទិស ដូចកំពឹសវង្វេងថ្លុក
បើអ្ហែងចង់សុខ ឱនក្បាលចុះទៅ
កង់ប្រវត្ដិសាស្ដ្រវិលកិនឥឡូវ
អ្នកដើរខុសផ្លូវត្រូវតែកម្ទេច។
រឿងសែនជូរចត់កំសត់ទារុណ
គ្មានអ្នកនិពន្ធពណ៌នាពាក្យពេចន៍
សព្វអស់បានទេពីការលង់លិច
ដែលជាតិបានខ្ទេចក្រោមនឹមពួកវា។
រឿងរ៉ាវព្រាត់ប្រាសនិរាសខ្លោចផ្សា
រាស្ដ្រខ្មែរមួយណាថាមិនវេទនា
ថាមិនកើតទុក្ខ បានរស់សុខជា
កាលនៅក្នុងគ្រាពួកវាដឹកនាំ។
ក្រោយពពកខ្មៅរសាត់បាត់ទៅ
ហើយថែមនឹងត្រូវភ្លៀងធ្លាក់ជោគជាំ
ថ្ងៃរះ ភ្លៀងរាំង មេឃក៏ស្រឡំ
ដូចជួយប្រស់ព្រំកម្ពុជាឡើងវិញ។
រាស្ដ្រខ្មែរប្រុសស្រីផ្ដើមសាងវាសនា
ផ្ដើមស្ដារ បំភ្លេចទោម្នេញ
តែនៅចង់ដឹងរំលឹកឡើងវិញ
នៅចង់បណ្ដេញមន្ទិលទាំងឡាយ។
ជម្រះឲ្យអស់មន្ទិលប្រវត្ដិសាស្ដ្រ
គិតណាស់ ឆ្ងល់ណាស់រឿងគួរសោកស្ដាយ
ដែលបានកើតឡើងរួចអស់ទៅហើយ
ចង់ដឹងចម្លើយ ហេតុអ្នកបង្ក។
តើរឿងអស់ហ្នឹងកើតមកពីអ្វី
ជនខ្មែរប្រុសស្រីទូទាំងនគរ
ចង់ដឹងចង់ឃើញមេខ្លោងឃាតក
បិសាចចង្កូមសចំនួនប៉ុន្មាន?
តុលាការកូនកាត់បានកើតឡើងហើយ
អាចផ្ដល់ចម្លើយចេញមកឲ្យបាន
វែកព្រានស្រេកឈាមអស់ ទាំងប៉ុន្មាន
កូនខ្មែរគ្រប់ប្រាណគួរត្រូវចាំណា។
ជាប់ឃុំអស់ហើយដោយឥតលាក់លៀម
អ្នកសាងស្ទឹងឈាម ឆ្អឹងស្មើថ្មដារ
ព្រានមានចង្កូមទាំងប្រាំហ្នឹងណា
ដែលតុលាការចោទជាប់ពិរុទ្ធ។
ពិភាក្សាចំណងសាសងចំណោទ
ស៊ើបតាមការចោទយ៉ាងហ្មត់ល្អន់ល្អិត
គង់តែយូរឆាប់នឹងឃើញការពិត
ថាបទឧក្រិដ្ឋស្នាដៃអ្នកណា?
កែវ សុខុមសទ្ធា
0 comments:
Post a Comment