ថ្ងៃនេះសញ្ជឹងគិតម្នាក់ឯង
មិនដឹងថ្លាថ្លែងប្រាប់អ្នកណា
ដូចនេះមានតែស្លាបប៉ាកកា
ជំនួសវាចាពីក្នុងចិត្ត។
មនុស្សដែលរស់លើលោកិយ
មានប្រុសមានស្រីនៅកៀកកិត
តែហេតុដូចម្តេចទើបជីវិត
អ្នកខ្លះរួមរិតដោយទុក្ខា។
បើតាមសង្កេតមើលសព្វថ្ងៃ
ភាគច្រើនគឺស្រីទឹកនេត្រា
លិចលង់ព្រោះតែរឿងស្នេហា
ប្រុសព្រានសាវាក្បត់ភក្តី។
មានខ្លះយកស្រីធ្វើជាល្បែង
សម្តែងថាខ្លួនពិតមានន័យ
បើបានរួមរស់ក្បែរចរណៃ
លោកនេះអ្វីៗភ្លឺស្រស់ថ្លា។
នៅទីបញ្ចប់ចេញធាតុពិត
ព្រោះត្បិតថាខ្លួនមិនប្រាថ្នា
នាងនេះជាគូគាប់ឡើយណា
ម្តេចក៏យល់ថាខ្ញុំស្ម័គ្រនាង។
និយាយដោយត្រង់ពេលសព្វថ្ងៃ
ខ្ញុំខ្លាចពេកក្រៃសូមពង្វាង
កុំឲមកជួបស្នេហ៍មិនទៀង
ចិត្តល្អៀងងាករេដូចចុងស្រល់។
បើជួបគូគាប់ភ្ជាប់ភក្តី
ជាតិនេះសូមស្រីកុំអោយយល់
ប្រុសដែលមានស្នៀតល្បិចកិចកល់
បញ្ចៀសនិមលវាងអោយឆ្ងាយ៕
និពន្ធដោយ កែវ សិរីសោភា
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៩
ទូរស័ព្ទៈ ០៩៧ ៩១ ០០៧ ៩៦
0 comments:
Post a Comment